ពិធីសម្ភោធដាក់អោយប្រើប្រាស់នូវមហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ ហៅវត្តកូនកុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ខេត្តកោះកុង ÷ មហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ ហៅវត្តកូនកុក ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ បានដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ 


     នាឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខត្តកោះកុង បានលើក ឡើងថា ÷ បច្ចុប្បន្ន វត្តគិរីតេជោ មានព្រះសង្ឃគង់នៅចំនួន ០៧ អង្គ ចំពោះសមិទ្ធផលដែលកសាងបានរួមមាន÷ សាលាឆាន់ ០១ខ្នងធ្វើអំពីថ្ម កុដិ ០២ខ្នងធ្វើអំពីថ្ម រោងបាយ ០១ខ្នង ធ្វើអំពីឈើ ផ្លូវបេតុង ០២ ខ្សែប្រវែង ១៨០ ម៉ែត្រ និងខ្លោងទ្វារវត្ត ហើយបាននិងកំពុងកសាងបន្តដូចជា កុដិ ព្រះវិហារ ព្រះបរមរូប សម្តេចមហាសង្ឃរាជ ជួន ណាត  ហើយថ្ងៃនេះ វត្តគិរីតេជោ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មហាជួង និងសមិទ្ធផលនានា មួយចំនួនបន្ថែមទៀត ដែលសាងសង់រួចរាល់ជាស្ថាពរនាពេលកន្លងទៅថ្មីៗនេះ ។

   

     សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍លើកឡើងថា ÷ ពិធីសម្ពោធមហាជួង និងសមិទ្ធិផលនានា ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត សម្រាប់បំរើ និងលើកស្ទួយដល់ព្រះពុទ្ធសាសនា ហើយសមិទ្ធផលថ្មីនេះបានបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ។ 


      ក្នុងពេលជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់រដ្ឋបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុងត្រូវយកចិត្តទុកដាក់ គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍ បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិ ជាដើម និងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ ។ 


ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លា ភាព និងទទួលបានជំនឿទុកចិត្ត។ 


ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទ ល្មើសគ្រប់ប្រភេទ។ 


ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ 


ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ 


ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ 


ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ 


ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕


Theme images by Radius Images. Powered by Blogger.