ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទកាល័យ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចែករំលែកគន្លឹះសំខាន់ៗ ដល់សិស្សដើម្បីរៀនពូកែប្រឡងជាប់ ជួយថែរក្សាការពារសន្តិភាព និងជម្រុញខ្លួនជាពលរដ្ឋល្អ
ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ សិស្សានុសិស្សកំពុងសិក្សាថ្នាក់ទី១២ ដែរជាថ្នាក់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ខេត្តកោះកុង។
ក្នុងកិច្ចសំណេះសំណាល ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនសិស្សានុសិស្សអោយដឹងថា ÷ ឯកឧត្តម មកថ្ងៃនេះមានបំណង៣ ÷
-ទី១ ចង់ចែករំលែកចំណេះដឹង បទពិសោធ និងគន្លិះសំខាន់ៗដល់សិស្សានុសិស្សដើម្បីរៀនបានពូកែ និងប្រឡងជាប់។
-ទី២ សុំអោយសិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋជួយបន្តរថែរក្សាការពារសន្តិភាព។
-ទី៣ ជម្រុញបន្តរការសិក្សាចំណេះដឹងអោយបានខ្ពង់ខ្ពស់ និងធ្វើខ្លួនអោយក្លាយជាពលរដ្ឋល្អ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តម ផៃ សុខខេង ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង ប្រកបដោយឆន្ទៈមុតស្រួច បន្តធ្វើកំណែទម្រង់លើវិស័យអប់រំជាតិ ក្នុងគោលដៅលើកកម្ពស់ការអប់រំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ដោយគិតគូរចាប់ពីបឋមសិក្សាឡើងទៅ ដោយរួម បញ្ចូលទាំងផ្នែកសីលធម៌ និងសុជីវធម៌ ហើយសូម្បីតែការប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ក៏ត្រូវធ្វើការប្រឡងចូលដែរ ដើម្បីចម្រាញ់ជ្រើសយកអ្នកមានសមត្ថភាពពិតប្រាកដ ដែលជាការផ្តល់ឱកាសដល់សិស្ស និស្សិតគ្រប់រូប ទាំងអ្នកក្រ និងអ្នកមាន។ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវអាទិភាពគន្លឹះ ៥ ក្នុងការបន្តកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរួមមាន គឺ៖
“(១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង(៥)បច្ចេកវិទ្យា” ដែលជាអាទិភាពគន្លឹះក្នុងយុទ្ធសាស្រ្តបញ្ចកោណ។
បន្ថែមលើនេះ ឯកឧត្តម ផៃ សុខខេង ក៏បានផ្តាំផ្ញើដល់ សិស្សានុសិស្សសូមខិតខំរៀនសូត្រគ្រេបយកចំណេះដឹង និងពង្រឹងផ្នែកសីលធម៌ សុជីវធម៌ ការទំនាក់ទំនង ដែលជាជំនាញ ជាទុនដ៏មានសារសំខាន់ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹង ផ្នែកសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខ និងសូមជូនពរប្រឡងជាប់ទទួលបានលទ្ធផលល្អ និទ្ទេសល្អ គ្រប់ៗគ្នា។
ក្នុងពិធីសំណេះសំណាលនេះផងដែរ ក្រោយពីដឹងពីរបាយការណ៍ និងសំណូមពរ របស់ថ្នាក់ដឹកនាំគ្រប់គ្រងសាលាវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង អំពីផលលំបាកដោយសារសិស្សមានចំនួនកើនឡើងខ្ពស់ ហើយខ្វះអគារ បន្ទប់សិក្សា ÷ ឯកឧត្តម ផៃ សុខខេង នាយករងខុទ្ទកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង ឯកឧត្តម ផៃ សុខខេង នឹងពាំនាំសំណូមពរនេះ ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិនិត្យដោះស្រាយជូននាពេលខាងមុខ។
Post a Comment