កិច្ចព្រមព្រៀងក្រុងប៉ារីស ដែលចុះកាលពីថ្ងៃទី២៣ តុលា ១៩៩១
កិច្ចព្រមព្រៀងក្រុងប៉ារីស ដែលចុះកាលពីថ្ងៃទី២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងចង់ត្រឡប់មករំឭកត្រួសៗឡើងវិញ អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។
ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស មាន ១៨ប្រទេស + កម្ពុជា។ ក៏ប៉ុន្តែ នៅពេលនោះ កម្ពុជាត្រូវបែងចែកជា ៤ភាគី គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នា បង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់”។
ប្រទេសជាហត្ថលេខី ១៨ ផ្សេងទៀត រួមមានមាន៖
សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធានសន្និសីទ), ចិន និងសហភាពសូវៀត
- ប្រទេសនៅអាស៊ីអាគ្នេយ៍ (៨ប្រទេស)៖ ឥណ្ឌូណេស៊ី (សហប្រធានសន្និសីទ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និងប៊្រុយណេ ពោលគឺ ប្រទេសក្នុងអាស៊ានបច្ចុប្បន្ន លើកលែងតែភូមាចេញ។
- ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ តំណាងដោយ យូហ្គោស្លាវី
- ប្រទេស៤ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី
សំណួរ-តើកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ចែងអំពីអ្វីខ្លះ?
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀង២ និងសេចក្តីថ្លែងការណ៍មួយ។
១-កិច្ចព្រមព្រៀងទី១ ស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា
កិច្ចព្រមព្រៀងនេះ មានសុពលភាពជាចម្បងទៅលើភាគីទាំង ៤ នៅក្នុងសង្រ្គាមស៊ីវិលខ្មែរ (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម)។ ក៏ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ គូភាគីជម្លោះផ្ទៃក្នុងកម្ពុជា និងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានរំលាយអស់ទៅហើយ ដោយខ្លះត្រូវបានរលាយបាត់រូបទាំងស្រុង (ភាគីកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម) ហើយខ្លះទៀតត្រូវរំលាយខ្លួន ហើយបង្កើតទៅជាគណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច)។
ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន៖
- ការឈប់បាញ់រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ
- ការកាត់រំសាយទ័ព
- ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយនឹងចលនាតស៊ូ នៅជាយដែន)
- ការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
- ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់ រក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង
- ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរ ជាពិសេស ពីជំរំជនភៀសខ្លួននៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ
- កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា (រួមមានដូចជា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម)
២-កិច្ចព្រមព្រៀងទី២ អំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងប្រទេសជាហត្ថលេខីផ្សេងទៀត មានកាតព្វកិច្ចគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យគ្នាទៅវិញទៅមក។
៣-សេចក្តីថ្លែងការណ៍ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ
តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រទេសហត្ថលេខីសន្យាផ្តល់ជំនួយ ដើម្បីជួយស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
សំណួរ-ក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស តើកិច្ចព្រមព្រៀងនេះមានចែងអំពីវិធានការអ្វីខ្លះ?
នៅក្នុងករណីមានការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស គេអាចកោះប្រជុំប្រទេសហត្ថលេខីឡើងវិញបាន ដើម្បីស្វែងរកវិធានការសមស្រប។
យោងតាមមាត្រា ២៩ នៃកិច្ចព្រមព្រៀងទី១ (ស្តីពីការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា) អ្នកដែលអាចកោះប្រជុំបាន គឺសហប្រធាននៃសន្និសីទក្រុងប៉ារីស (បារាំង និងឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការកោះប្រជុំនេះអាចធ្វើទៅបានលុះត្រាតែមានសំណើពីអគ្គលេខាធិការអ.ស.ប.។
ចំណែក នៅក្នុងកិច្ចព្រមព្រៀងទី២វិញ (ស្តីពីឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា) ត្រង់មាត្រា ៥ ចែងថា៖
១-នៅក្នុងករណីមានការរំលោភ ឬគំរាមរំលោភអធិបតេយ្យ, ឯករាជ្យ, បូរណភាព (...) ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវធ្វើការប្រជុំជាបន្ទាន់ ដើម្បីចាត់វិធានការសមស្រប (...)។
២-វិធានការសមស្របទាំងនេះអាចជា ការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឬវិធានការផ្សេងទៀត ដែលមានចែងក្នុងមាត្រា ៣៣ នៃធម្មនុញ្ញសហប្រជាជាតិ (ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយតាមផ្លូវតុលាការ, ..., NDLR)។-rfr-
Post a Comment