ពិធីបំបោលក្របី បំផាយសេះ និងបោកចំបាប់ របស់ប្រជាពលរដ្ឋឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃភ្ជុំបិណ្ឌ ដែលប្រារព្ធនៅក្នុងបរិវេណវត្តវិហារសួគ៌
ដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបួងសួងសុំសេចក្តីសុខដល់អ្នកភូមិ និងសត្វពាហនៈ ក្រុមអ្នកភូមិ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រារព្ធពិធីប្រណាំង ឬការបំបោលក្របី ក្នុងវត្តព្រះវិហារសួគ៌ នៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌ ។ អ្នកស្រុករៀបចំពិធីប្រណាំងក្របី តាមប្រពៃណី ធ្វើឡើងនៅព្រឹកព្រលឹម ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ក្រៅពីការប្រណាំង ឬបំបោរក្របី នៅវត្តវិហារសួគ៌ នៅថ្ងៃភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ គឺមានការប្រណាំងសេះ បោកចំបាប់ ឡើងសរសរខ្លាញ់ និងរាំវង់ រាំក្បាច់ នៅបរិវេណវត្តវិហារសួគ៌។
ជារៀងរាល់ឆ្នាំ ក្រុមយុវជនវ័យក្មេងជាច្រើននាក់ បាននាំយកក្របី មកជួបជុំ នៅខាងលិចវត្តវិហារសួគ៌ ដោយរៀបចំតុបតែងក្របីទាំងនោះ មុននឹងចាប់ផ្តើមពិធីប្រណាំង ឬការបំបោលក្របី នៅព្រឹកព្រលឹម ថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ការប្រណាំង ឬការបំបោលក្របី ត្រូវធ្វើឡើងក្នុងចម្ងាយផ្លូវប្រមាណ ២០០ ម៉ែត្រ តាមផ្លូវដី ខាងលិចវត្តវិហារសួគ៌ និងឆ្លងកាត់ ខ្លោងទ្វារវត្ត ចូលឆ្ពោះទៅកាន់ព្រះវិហារ។ ទីលាននោះ មិនត្រូវបានរៀបចំអ្វីទេ តែជាផ្លូវលំក្នុងភូមិ។
មុនចាប់ផ្តើមពិធី ក្រុមអ្នកប្រកួត ជាយុវជនក្នុងភូមិ បានជិះក្របី នាំចូលទៅក្នុងវត្តព្រះវិហារសួគ៌ ដើម្បីបន់ស្រន់ ដល់វិញ្ញាណក្ខន្ធ លោកតា ប្រាសុខ និងបារមីព្រះអង្គ នៅក្នុងវត្តវិហារសួគ៌។
ក្រុមអ្នកចូលរួមប្រកួតជិះក្របី ត្រូវបានគេផ្តល់ឲ្យនូវខោជើងវែងពណ៌ខៀវ និងអាវដៃខ្លី ពណ៌ផ្ទៃមេឃ ព្រមទាំងអាវកាក់ពណ៌ឈាមជ្រូក ជាមួយនឹងកន្សែងឆ្នូតក្បាលពណ៌លឿង។ក្រុមអ្នកជិះក្របី ជាយុវជនវ័យក្មេងក្នុងភូមិវិហារសួគ៌ ក៏ចូលចិត្តស្លៀកខោខ្លី និងក្រមា ជាមួយអាវយឺត ឬក៏លេងខ្លួនទទេ ជិះលើខ្នងក្របី ព្រមទាំងវាយបំបោល ដើម្បីបំផាយក្របី ក្នុងពិធីប្រចាំឆ្នាំនោះផងដែរ។
រីឯក្របី ត្រូវបានគេតុបតែង ដោយមានរបាំងមុខ រចនាពីក្រណាត់ចម្រុះពណ៌ មានឌិនគ្រាប់អង្កាំ នៅលើក្បាល និងស្រោបស្នែង ដោយស្បង់លោក ទុកតែចន្លោះនៅត្រឹមមាត់ ច្រមុះ និងភ្នែកទាំងពីរតែប៉ុណ្ណោះ។
ការប្រារព្ធពិធីបំបោលក្របីនេះ ធ្វើឡើងជាប្រពៃណីប្រចាំឆ្នាំរបស់អ្នកភូមិវិហារសួគ៌ ដើម្បីបួងសួងសុំឲ្យអ្នកតាម្ចាស់ស្រុក និងបារមីព្រះអង្គវត្តវិហារសួគ៌ ថែរក្សាការពារអ្នកភូមិ និង សត្វពាហនៈពីជម្ងឺដង្កាត់នានា។
ពិធីបំបោលក្របីនេះ ក៏ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកតាម្ចាស់ស្រុកដែលមានបារមី នៅក្នុងវត្តវិហារសួគ៌ដ៏សក្តិសិទ្ធិផងដែរ។
ជាទម្លាប់ អ្នកប្រកួតកម្រនឹងបោះបង់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្នុងពិធីបុណ្យភ្ជំបិណ្ឌនេះណាស់ ដោយសារអ្នកភូមិវិហារសួគ៌ ត្រូវចូលរួមជិះក្របីបំបោល កាលពីឆ្នាំមុនហើយបើមិនបានចូលរួមក្នុងពិធីនៅឆ្នាំនេះវិញ អ្នកភូមិនោះ នឹងជួបគ្រោះភ័យផ្សេងៗ ទៅតាមជំនឿពីបុរាណតៗគ្នា។
ក្នុងពិធីប្រចាំឆ្នាំនោះ ក៏មានអ្នកភូមិខ្លះ ដែលមានវ័យចំណាស់ ត្រូវជិះក្របី ដើម្បីថ្វាយដល់ដួងព្រលឹងអ្នកតាម្ចាស់ស្រុក និងបារមីព្រះអង្គ ដើម្បីបង្គ្រប់កិច្ច នៅថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ។ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅវត្តវិហារសួគ៌ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្រៅតែពីការបំបោលក្របី ក៏មានការប្រណាំងជិះសេះ និងកីឡាបោកចំបាប់ ដែលជាការបង្ហាញនូវក្បាច់គុណបុរាណខ្មែរ បុក្កតោ និងគុណដំបង។
កីឡាករ មិនត្រូវបានកំណត់ទុកជាមុនទេ គឺអាស្រ័យលើអ្នកចូលរួមពិធី និងក្រុមកូនចៅអ្នកភូមិវិហារសួគ៌ ដែលបានស្ម័គ្រចិត្តចុះឈ្មោះ ចូលរួមប្រកួតភ្លាមៗ ដើម្បីថែរក្សានូវកេរ្តិ៍មរតកក្បាច់គុណបុរាណខ្មែរ និងទំនៀមទម្លាប់របស់អ្នកភូមិវិហារសួគ៌៕
Post a Comment